រឿងខ្លីអប់រំ : មីមួយចាន

128713357387167.jpg

ក្មេងប្រុសម្នាក់ឈ្លោះគ្នាជាមួយម្តាយដោយសារតែរឿងបន្តិចបន្ទួច តែដោយចិត្តក្តៅរបស់ខ្លួនមួយឆាវធ្វើអោយក្មេងប្រុសរត់ចេញពីផ្ទះចោលម្តាយដោយមិនលាសូម្បីមួយម៉ាត់។​

ដោយប្រញ៉ាប់ពេក និង ចង់បឈ្ឈឺម្តាយផងនោះ គាត់ក៏ចេញពីផ្ទះដោយមិនយកលុយតាមខ្លួនសូម្បីមួយ រៀល។ យប់ហើយ ឃ្លានក៏ឃ្លាន អាហារមិនទាន់ធ្លាក់ដល់ពោះបន្តិចសោះ​ ធ្វើដំណើររហូតមកដល់ហាងមីមួយកន្លែងដោយការស្រេកឃ្លានជាខ្លាំងគាត់ក៏ដើរចូលទៅហើយមើលអាហារដោយខ្សែរភ្នែកស្រេកឃ្លានបំផុត។ ម្ចាស់ហាងមីឃើញក្មេងប្រុសដូច្នោះទើបកើតចិត្តមេត្តាចំពោះក្មេងប្រុសម្នាក់នោះជាអនេក។ 

ម្ចាស់ហាងមីបានហៅក្មេងម្នាក់នោះចូលមកហើយរៀបចំធ្វើមីអោយក្មេងប្រុសនោះញុាំមួយចានដោយមិនយកប្រាក់ឡើយ។ក្មេងប្រុសពោលពាក្យអរគុណ…ខណៈកំពុងញាំុមីដោយប្រញ៉ាប់ប្រញ៉ាល់ សុខៗ​គាត់ក៏យំខ្លាំងៗចេញមក ម្ចាស់ហាងមីទើបសួរដោយសេចក្តីងឿងឆ្ងល់ថា…

”ឯងកើតអី យំធ្វើអី?”ក្មេងប្រុសពោលបណ្តើរយំបណ្តើរថា…

”គិតមិនដល់សោះថានៅក្នុងលោកនេះនៅមានមនុស្សដែលចិត្តល្អដូចជាពូទៀត ដែលព្រមអោយមីខ្ញុំញុាំដោយមិនគិតលុយ”បន្ទាប់មកក្មេងប្រុសនោះក៏និយាយអោយម្ចាស់ហាងស្តាប់ថា​ គេឈ្លោះគ្នាជាមួយម្តាយទើបរត់ចេញពីផ្ទះ។ 

ពេលម្ចាស់ហាងស្តាប់ក្មេងប្រុសនិយាយចប់ គាត់ក៏សើចខ្លាំងៗរហូតរឹងពោះ ក្មេងប្រុសសង្ស័យថា នេះជារឿងគួរអោយអស់សំណើចឬ?ទើបម្ចាស់ហាងពោលទៅកាន់ក្មេងប្រុសថា… 

”ខ្ញុំទើបស្គាល់ឯងអម្បាញ់មិញនេះសោះ ហើយគ្រាន់តែប៉ាវមីឯងមួយចានប៉ុណ្ណោះឯងរំភើបចិត្តដល់ម្លឹងឬ?ឯម្តាយឯងគាត់ឆុងមីអោយឯងញុាំរាប់មិនអស់ តែឯងបែរមិនពេញចិត្តចំពោះរឿងបន្តិចបន្ទួចទៅវិញ តើនេះមិនគួរអោយអស់សំណើចទេឬ? ” 

ពាក្យសម្តីរបស់បុរសម្ចាស់ហាងធ្វើអោយក្មេងប្រុសភ្ញាក់រលឹក ទើបគាត់សម្រេចចិត្តធ្វើដំណើរត្រលប់ទៅផ្ទះវិញ តាំងចិត្តថានឹងទៅសុំទោសម្តាយ។​ពេលគាត់ដើរទៅដល់ផ្ទះ ម្តាយគាត់ប្រញ៉ាប់ចេញមកទទួលកូនហើយអោបកូនយ៉ាងណែន។គាត់មិនស្តីបន្ទោសកូនទេ ហើយប្រយោគដែលគាត់និយាយទៅកាន់កូនប្រយោគដំបូងគឺ…

”ហេវអត់កូន ចាំម៉ែទៅធ្វើមីអោយកូនញុាំ”

ក្នុងជីវិតពិត មានមនុស្សច្រើនណាស់ដែលធ្វើល្អចំពោះយើង តែដោយសារពួកគេជាមនុស្សក្នុងគ្រួសារ ជាមិត្ត​ភក្តិ​ជិតស្និទ្ធ រឺ កូនចៅនៅកន្លែងធ្វើការ ធ្វើអោយយើងមើលមិនឃើញពីសារៈសំខាន់របស់ពួកគេ ហើយមើលវាជារឿងធម្មតា។ តែបែរជាទៅសរសើរនិងផ្តល់សារៈសំខាន់ចំពោះមនុស្សដែលធ្វើល្អចំពោះយើងត្រឹមតែប៉ុន្មានដង ដោយភ្លេចគិតដល់មនុស្សដែលនៅក្បែរខ្លួនយើងមករហូត៕

 

 

 

 

ใส่ความเห็น

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  เปลี่ยนแปลง )

Google+ photo

You are commenting using your Google+ account. Log Out /  เปลี่ยนแปลง )

Twitter picture

You are commenting using your Twitter account. Log Out /  เปลี่ยนแปลง )

Facebook photo

You are commenting using your Facebook account. Log Out /  เปลี่ยนแปลง )

w

Connecting to %s