រឿងខ្លីអប់រំ : មីមួយចាន

128713357387167.jpg

ក្មេងប្រុសម្នាក់ឈ្លោះគ្នាជាមួយម្តាយដោយសារតែរឿងបន្តិចបន្ទួច តែដោយចិត្តក្តៅរបស់ខ្លួនមួយឆាវធ្វើអោយក្មេងប្រុសរត់ចេញពីផ្ទះចោលម្តាយដោយមិនលាសូម្បីមួយម៉ាត់។​

ដោយប្រញ៉ាប់ពេក និង ចង់បឈ្ឈឺម្តាយផងនោះ គាត់ក៏ចេញពីផ្ទះដោយមិនយកលុយតាមខ្លួនសូម្បីមួយ រៀល។ យប់ហើយ ឃ្លានក៏ឃ្លាន អាហារមិនទាន់ធ្លាក់ដល់ពោះបន្តិចសោះ​ ធ្វើដំណើររហូតមកដល់ហាងមីមួយកន្លែងដោយការស្រេកឃ្លានជាខ្លាំងគាត់ក៏ដើរចូលទៅហើយមើលអាហារដោយខ្សែរភ្នែកស្រេកឃ្លានបំផុត។ ម្ចាស់ហាងមីឃើញក្មេងប្រុសដូច្នោះទើបកើតចិត្តមេត្តាចំពោះក្មេងប្រុសម្នាក់នោះជាអនេក។ 

ម្ចាស់ហាងមីបានហៅក្មេងម្នាក់នោះចូលមកហើយរៀបចំធ្វើមីអោយក្មេងប្រុសនោះញុាំមួយចានដោយមិនយកប្រាក់ឡើយ។ក្មេងប្រុសពោលពាក្យអរគុណ…ខណៈកំពុងញាំុមីដោយប្រញ៉ាប់ប្រញ៉ាល់ សុខៗ​គាត់ក៏យំខ្លាំងៗចេញមក ម្ចាស់ហាងមីទើបសួរដោយសេចក្តីងឿងឆ្ងល់ថា…

”ឯងកើតអី យំធ្វើអី?”ក្មេងប្រុសពោលបណ្តើរយំបណ្តើរថា…

”គិតមិនដល់សោះថានៅក្នុងលោកនេះនៅមានមនុស្សដែលចិត្តល្អដូចជាពូទៀត ដែលព្រមអោយមីខ្ញុំញុាំដោយមិនគិតលុយ”បន្ទាប់មកក្មេងប្រុសនោះក៏និយាយអោយម្ចាស់ហាងស្តាប់ថា​ គេឈ្លោះគ្នាជាមួយម្តាយទើបរត់ចេញពីផ្ទះ។ 

ពេលម្ចាស់ហាងស្តាប់ក្មេងប្រុសនិយាយចប់ គាត់ក៏សើចខ្លាំងៗរហូតរឹងពោះ ក្មេងប្រុសសង្ស័យថា នេះជារឿងគួរអោយអស់សំណើចឬ?ទើបម្ចាស់ហាងពោលទៅកាន់ក្មេងប្រុសថា… 

”ខ្ញុំទើបស្គាល់ឯងអម្បាញ់មិញនេះសោះ ហើយគ្រាន់តែប៉ាវមីឯងមួយចានប៉ុណ្ណោះឯងរំភើបចិត្តដល់ម្លឹងឬ?ឯម្តាយឯងគាត់ឆុងមីអោយឯងញុាំរាប់មិនអស់ តែឯងបែរមិនពេញចិត្តចំពោះរឿងបន្តិចបន្ទួចទៅវិញ តើនេះមិនគួរអោយអស់សំណើចទេឬ? ” 

ពាក្យសម្តីរបស់បុរសម្ចាស់ហាងធ្វើអោយក្មេងប្រុសភ្ញាក់រលឹក ទើបគាត់សម្រេចចិត្តធ្វើដំណើរត្រលប់ទៅផ្ទះវិញ តាំងចិត្តថានឹងទៅសុំទោសម្តាយ។​ពេលគាត់ដើរទៅដល់ផ្ទះ ម្តាយគាត់ប្រញ៉ាប់ចេញមកទទួលកូនហើយអោបកូនយ៉ាងណែន។គាត់មិនស្តីបន្ទោសកូនទេ ហើយប្រយោគដែលគាត់និយាយទៅកាន់កូនប្រយោគដំបូងគឺ…

”ហេវអត់កូន ចាំម៉ែទៅធ្វើមីអោយកូនញុាំ”

ក្នុងជីវិតពិត មានមនុស្សច្រើនណាស់ដែលធ្វើល្អចំពោះយើង តែដោយសារពួកគេជាមនុស្សក្នុងគ្រួសារ ជាមិត្ត​ភក្តិ​ជិតស្និទ្ធ រឺ កូនចៅនៅកន្លែងធ្វើការ ធ្វើអោយយើងមើលមិនឃើញពីសារៈសំខាន់របស់ពួកគេ ហើយមើលវាជារឿងធម្មតា។ តែបែរជាទៅសរសើរនិងផ្តល់សារៈសំខាន់ចំពោះមនុស្សដែលធ្វើល្អចំពោះយើងត្រឹមតែប៉ុន្មានដង ដោយភ្លេចគិតដល់មនុស្សដែលនៅក្បែរខ្លួនយើងមករហូត៕

 

 

 

 

និទានខ្លីអប់រំ​ :​មនុស្សលីសាកសព

រឿងនេះខ្ញុំធ្លាប់បានអានតាំងពីនៅក្មេងៗម្លេះ ហើយតែងតែយកវាមកដាស់តឿនចិត្តខ្លួនឯងជានិច្ច ពេលដែលខឹងនរណាម្នាក់។

និទានរឿងនេះមានដូចតទៅ  :

មានបុរសម្នាក់អង្គុយលេងនៅខាងមុខបរិវេណផ្ទះរបស់ខ្លួន សុខៗស្រាប់តែពេលមនុស្សម្នាក់លីសាកសពដែលស្អុយរលួយមកទំលាក់ចោលនៅមុខផ្ទះរបស់គាត់ ទឹករងៃរដែលហូរចេញពីសាកសពប្រលាក់ពាសពេញត្រង់បរិវេណនោះ ចំណែកអ្នកដែលយកសាកសពមកទំលាក់ចោលនោះបែរជាដើរចេញធ្វើព្រងើយ…

Untitled-6
ប្រសិនបើអ្នកជាម្ចាស់ផ្ទះ តើអ្នកនឹងធ្វើដូចម្តេច?

នៅក្នុងនិទាន បុរសម្នាក់នោះគាត់ខឹងខ្លាំងណាស់ គាត់ស្ទុះទៅលើកសាកសពដាក់ខ្ពស់ផុតក្បាល របស់គាត់ ក្នុងបំណងយកទៅទំលាក់អោយត្រូវមនុស្សម្នាក់នោះវិញដើម្បីជាការសងសឹក។ គាត់លីសាកសពនោះទៅគ្រប់ទិសទីដើម្បីរកមនុស្សម្នាក់នោះ។ទឹករងៃ ឈាម និងដង្កូវហូរស្រក់សព្វខ្លួនប្រាណរបស់គាត់ជះក្លិនស្អុយជាខ្លាំង គាត់នៅតែតាមរកមនុស្សម្នាក់នោះ (ដោយលីសាកសពទៅជាមួយ) មួយសន្ទុះធំនៅតែមិនជួបមនុស្សម្នាក់នោះដដែល។ គាត់ហត់នឿយថែមទាំងមានក្លិនស្អុយខ្លាំងថែមទៀតផង ក្លិនសពនោះស្អុយណាស់រហូតធ្វើអោយគាត់មានអារម្មណ៍ថាចង់ក្អួត គាត់ចាប់ផ្តើមដាក់សាកសពនោះចុះ ហើយប្រញ៉ាប់ទៅសំអាតកាយ។

សាកសពនោះគឺជាអារម្មណ៍មួរម្មងដែលអ្នកដទៃគេយកមកបោះអោយយើងនោះអី គេគេចទៅបាត់គឺមានន័យថាគេលែងខ្វល់ខ្វាយពីអារម្មណ៍របស់យើងហើយក៏មិនខ្វល់ថាយើងនឹងមានអារម្មណ៍បែបណាដែរ។
យើងលីសាកសពគឺដូចជាយើង យកអារម្មណ៍មួរម្មងទាំងនោះមកទុកក្នុងចិត្ត។
ក្លិនស្អុយទាំងនោះគឺជាអារម្មណ៍ដែលបំផ្លាញរាងកាយបំផ្លាញចិត្តរបស់យើងអ្នកដទៃគេមិនដឹងនោះទេ។
យើងដាក់សាកសពចុះ មានន័យថាយើងអាចទំលាក់ចុះរឿងរ៉ាវទាំងនោះ អោយវារសាត់ទៅតាមពេល វេលារបស់វា មិនយូរវានឹងកន្លងផុតទៅ។