ទោះអ្នកជាមនុស្សដែលមានពិភពផ្ទាល់ខ្លួនខ្ពស់ដែលកំពុងព្យាយាមបត់បែនខ្លួនឯងអោយចូលជាមួយ ពិភពខាងក្រៅ រឺ ជាមនុស្សចូលចិត្តចូលសង្គមដែលកំពុងរៀនរស់នៅម្នាក់ឯង មនុស្សដែលទើបតែបែកពីសង្សារ រឺ មនុស្សទើបបាត់បង់មនុស្សជាទីស្រលាញ់ក្តី ថ្ងៃនេះយើងមានអាថ៌កំបាំងការប្រើជីវិតរស់នៅម្នាក់ឯងអោយមានសេចក្តីសុខមកប្រាប់អ្នកទំាងអស់គ្នាសង្ឃឹមថានឹងក្លាយជាប្រយោជន៍សម្រាប់អ្នក។
១. កុំគិតថារស់នៅម្នាក់ឯងមិនបាន
សាកមើលសិនកុំទាន់អាលគិតខ្លួនឯងថាយើងប្រាកដជារស់នៅមិនបានបើគ្មានមិត្តភក្តិ រឺ សង្សារ ភាព ឯកោរមិនដែលធ្វើអោយអ្នកស្លាប់ឡើយ មានតែចិត្តយើងទៅវិញទេដែលទន់ជ្រាយ។
២. រកអ្វីធ្វើៗហើយមានសេចក្តីសុខ
ការដែលបានរស់នៅតែម្នាក់ឯងអាចចាត់ទុកថាជាឳកាសមួយដែលបានសាកល្បងធ្វើអ្វីថ្មីៗដែលមិនធ្លាប់បានធ្វើដោយមិនចាំបាច់ខ្វល់ថាអ្នកណានឹងថាយ៉ាងម៉េច? អ្នកនឹងបានស្គាល់ខ្លួនឯងច្រើនជាងមុន អាចរកឃើញអ្វីដែលអ្នកចូលចិត្ត អ្វីដែលអ្នកចង់ធ្វើ ហើយដែលសំខាន់បំផុតនោះគឺវាជាឳកាសដែលធ្វើអោយអ្នកបានធ្វើការស្វែងយល់ថា អ្នកមានសេចក្តីសុខបានទោះបីត្រូវប្រើជីវិតម្នាក់ឯង មិនប្រាកដទេជួនកាលអ្នកអាចជាប់ចិត្តនឹងការរស់នៅម្នាក់ឯងផងក៏ថាបាន។
៣. គំនិតរបស់អ្នកដទៃសំខាន់ តែរបស់យើងសំខាន់ជាង
មុននឹងសុំការណែនាំ រឺ សូមយោបល់ពីអ្នកដទៃសាកល្បងសួរខ្លួនឯងមុនសិនមើល៍ អ្នកកាន់តែជឿជាក់លើសមត្ថភាពខ្លួនឯងច្រើនប៉ុណ្ណា (តែកុំជឿជាក់ជ្រុលពេក) អ្នកក៏កាន់តែរឹងមាំប៉ុណ្នោះដែរ។ ហើយនៅទីបំផុតអ្នកក៏អាចរស់នៅតែម្នាក់បានដោយងាយស្រួល។
៤. ពូកែសង្កេត
មើលរឿងរ៉ាវផ្សេងៗក្នុងគំនិតផ្សេង រឿងតូចៗតិចៗក៏មើលវាជារឿងពិសេស ដូចជាសកម្មភាពធម្មតារបស់មនុស្សម្នាដែលនៅជុំវិញខ្លួនអ្នកហើយព្យាយាមស្វែងយល់នូវអ្នីដែលពួកគេធ្វើ ក៏នឹងធ្វើអោយអ្នកមានអារម្មណ៍ថាពិភពលោកនេះវាមិនមែនទទេស្អាតពេកនោះទេ វានៅមានអ្វីដែលអោយអ្នកបានរៀនសូត្រពីវាច្រើនទៀត។
៥. សាកល្បងរៀបចំបន្ទប់ជាថ្មី
ការប្រើជីវិតរស់នៅម្នាក់ឯងនៅផ្ទះ រឺបន្ទប់ជួលស្ងាត់ៗនឹងធ្វើអោយជីវិតរបស់អ្នកគ្មានអ្វីប្លែក ជួបតែអ្វីដែលវាដដែលៗ គ្មានអ្វីឆើតឆាយរឺមើលទៅកាន់តែសោះកក្រោះគ្មានជីវិតជីវ៉ា ប្រើជីវិតរស់នៅដោយភាពហត់នឿយ។
កាលណាអ្នកជួបបព្ហាទាំងនេះអ្វីដែលអាចផ្លាស់ប្តូរបានងាយស្រួលមានតែការរៀចមំបន្ទប់ជាថ្មី ដូចជាការផ្លាស់ប្តូរកន្លែងដាក់គ្រឿងសង្ហារឹមជាដើម ដើម្បីប្តូរបរិយាកាសហើយក៏ជាការបន្ថែមភាពប្លែកថ្មីអោយសកម្មភាពដដែលៗរបស់អ្នកផងដែរ។
៦.ដាក់គោលដៅអោយច្បាស់លាស់ហើយចាប់ផ្តើមធ្វើពីថ្ងៃនេះទៅ
ជារឿងមិនងាយកើតឡើងឡើយដែលមនុស្សម្នាក់នឹងប្រើជីវិតពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានគោលដៅច្បាស់លាស់ ជាពិសេសមនុស្សដែលត្រូវប្រើជីវិតរស់នៅម្នាក់ឯង។ គ្មានគោលដៅច្បាស់លាស់កាន់តែធ្វើអោយជីវិតអ្នករសាត់អណ្តែត មិនដឹងថាគួរដើរទៅផ្លូវណា។ មិនចាំបាច់មានគោលដៅអីធំដុំក៏បានដែរអាចជារឿងតូចតាច តែអាចជាកម្លាំងជំរុញក្នុងការប្រើជីវិតរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។ ហើយលើសពីហ្នឹង បើអ្នកធ្វើវាបានជោគជ័យវានឹងធ្វើអោយអ្នកជឿជាក់លើខ្លួនឯងជាងមុន ហើយអ្នកអាចនឹងបានជួបមនុស្សថ្មី មិត្តថ្មិៗ ដោយសារភាពជឿជាក់ដែលបានពីជោគជ័យតិចតួចនោះក៏ថាបាន។
៧.បណ្តាញសង្គមបិសាចង្រៃ
ពេលខ្លះអ្នកគិតថាបណ្តាញសង្គមជាមិត្តដ៏ល្អដើម្បីកែភាពអផ្សុកដែលល្អបំផុត តែហេតុអីកាន់តែលេងកាន់តែឯកោចឹងណ៎ ? ឃើញជីវិតអ្នកដទៃកាន់តែអផ្សុក ឃើញគេទៅដើរលេងជាមួយមិត្តភក្តិ ផ្អែមល្អែមជាមួយសង្សារ ហី! មើលយើងទៅមានអីមែនហ្អេ? បើប៉ះចំអ្នកទើបបែកបាក់គ្នាទៀតឃើញអញ្ចឹងវាកាន់ តែធ្វើអោយនឹកឃើញដល់អនុស្សាវរីយ៍ចាស់ៗ ទ្រាំមិនបានលួចទៅមើលPost និងសាររបស់សង្សារចាស់ទៀត ហ្អីថាធ្វើអញ្ចឹងវាមិនរឹតតែឯកោទៀតហ្អី? ជំើសល្អបំផុតគឺបិទកុំព្យូទ័រ ទុកទូរស័ព្ឌហើយទៅរកអ្វីធ្វើសប្បាយៗល្អជាង ។
៨. បើនៅម្នាក់ឯងហើយឯកោ ការងាស្ម័គ្រចិត្តក៏ជាជំរើសដ៏ល្អ
ត្រូវចេះរស់នៅម្នាក់ឯងតែមិនមែនមានន័យថាត្រូវដកខ្លួនពីសង្គមខាងក្រៅ សំងំតែក្នុងបន្ទប់មិននិយាយស្តីជាមួយអ្នកណានេោះទេ តែវាជាការដែលអ្នកត្រូវរស់នៅម្នាក់ឯងអោយបាននៅក្នុងចំណោមមនុស្សម្នាជាច្រើនទៅវិញទេ។ បើអ្នកមិនចង់តប់ប្រមល់តែក្នុងបន្ទប់ម្នាក់ឯង ការងារស្ម័គ្រចិត្តក៏ជាជំរើសដ៏ល្អបំផុត ព្រោះវានឹងនាំអ្នកទៅក្នុងចំណោមមនុស្សល្អៗ។ មានច្រើនគំរោងដូចជា ដាំដើមឈើ បង្រៀនអក្សរ រើសសំរាម។ល។ ក្រៅពីជួយកែអផ្សុកបានហើយនៅបានជួបមិត្តថ្មីៗ ថែមទាំងសប្បាយចិត្តដែលបានធ្វើខ្លួនជាប្រយោជន៍ទៀត៕